“បើព្រះអង្គសព្វព្រះទ័យ”
មានពេលមួយ ម៉ូលី(Molly)ចង់ឲ្យឪពុករបស់នាងជួយ តែនាងមិនហ៊ានសុំគាត់ទេ។ នាងដឹងថា ពេលដែលគាត់កំពុងធ្វើការមុខកំព្យូទ័ររ គាត់មិនចង់ឲ្យគេរំខានទេ។ នាងគិតថា គាត់អាចអន់ចិត្តនឹងនាង បានជានាងមិនបានសុំឲ្យគាត់ជួយ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវ យើងមិនចាំបាច់ត្រូវខ្លាចចិត្តព្រះអង្គ ដូចនេះទេ។ បទគម្ពីរម៉ាថាយ ៨:១-៤ បានចែងអំពីបុរសកើតឃ្លង់ម្នាក់ ដែលគ្មានការស្ទាក់ស្ទើរ នៅក្នុងការរំខានព្រះយេស៊ូវ ដើម្បីសុំឲ្យព្រះអង្គជួយគាត់។ ជម្ងឺរបស់គាត់បានធ្វើឲ្យគាត់ជួបការពិបាកយ៉ាងខ្លាំង។ សង្គមមានការរើសអើងចំពោះគាត់ ហើយគាត់មានការពិបាកខាងផ្លូវអារម្មណ៍យ៉ាងខ្លាំង។ កាលនោះព្រះយេស៊ូវកំពុងជាប់រវល់នឹង “មនុស្សដ៏ច្រើនកកកុញ” ប៉ុន្តែ បុរសកើតឃ្លង់បានបញ្ច្រៀតចូលក្នុងហ្វូងមនុស្ស ដើម្បីឲ្យបានទូលព្រះយេស៊ូវ។
ព្រះគម្ពីរដំណឹងល្អម៉ាថាយបានចែងថា មនុស្សឃ្លង់នោះ បានមក “ក្រាបថ្វាយបង្គំព្រះអង្គ”(ខ.២)។ គាត់បានចូលទៅក្បែរព្រះយេស៊ូវ ដោយការថ្វាយបង្គំ ដោយមានជំនឿលើអំណាចចេស្តារបស់ព្រះអង្គ និងដោយការបន្ទាបខ្លួន ដោយទទួលស្គាល់ថា ដែលព្រះអង្គនឹងជួយគាត់ឬក៏អត់ គឺស្រេចតែព្រះអង្គ។ គឺដូចដែលគាត់បានទូលព្រះអង្គថា “ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន”(ខ.២)។ ព្រះយេស៊ូវក៏បានពាល់គាត់ ដោយក្តីអាណិត ហើយគាត់ក៏បានជាស្អាតជាមួយរំពេច(គួរបញ្ជាក់ថា ក្រឹត្យវិន័យរបស់សាសន៍យូដា “មិនអនុញ្ញាតឲ្យប៉ះពាល់” មនុស្សឃ្លង់ទេ)។
យើងមិនចាំបាច់ត្រូវមានការស្ទាក់ស្ទើរ នៅក្នុងការចូលទៅក្បែរព្រះយេស៊ូវ ដើម្បីសូមឲ្យព្រះអង្គជួយឡើយ គឺដូចដែលបុរសកើតឃ្លង់បានធ្វើជាគំរូស្រាប់។ ពេលដែលយើងចូលទៅចំពោះព្រះអង្គ ដោយការបន្ទាបខ្លួន និងការថ្វាយបង្គំ យើងអាចទុកចិត្តថា ព្រះអង្គនឹងមានការសម្រេចព្រះទ័យដ៏ល្អបំផុតសម្រាប់យើង។-Anne Cetas